នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំខាងលើ ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សរុបចំនួន ២៧នាក់ (ក្នុងនោះ មានស្ត្រី ៤នាក់)។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយពិនិត្យ និងកែសម្រួលផែនការសកម្មភាពអន្តរាគមន៍លម្អិត សម្រាប់ជំរុញបង្កើនផលិតកម្មកសិកម្ម និងកសិ-ឧស្សាហកម្ម នៃបន្លែ ពោត និងដំឡូងមី ដែលបានព្រាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងនោះ មានការគិតគូរយ៉ាងល្អិតល្អន់អំពីសកម្មភាពសំខាន់ៗ សម្រាប់បង្កើនផលិតកម្ម ដើម្បីបំពេញតម្រូវការក្នុងស្រុក ឬ កាត់បន្ថយការនាំចូលពីបរទេស និងការកែច្នៃដើម្បីទទួលបានតម្លៃបន្ថែម ពោលគឺរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់កសិករ ព្រមទាំងគ្រប់តួអង្គនៃខ្សែច្រវាក់តម្លៃ៕