នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោងអភិវឌ្ឍន៍ និងឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង CFAVC បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ក្នុងភូមិសាស្រ្តខេត្តតាកែវ។
នាដំណើរចុះពិនិត្យនោះមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង នាយកគម្រោង CFAVC ឯកឧត្តម ចាន់ សុវត្ថិភាព និងឯកឧត្តម សាយ សុភភោគា អនុរដ្ឋលេខាធិការ រួមទាំងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ មន្រ្តីកសិកម្មឃុំ មន្រ្តីគម្រោង និងសហគមន៍កសិកម្មសំភ្លីអង្គរង្សីផងដែរ។
គោលបំណងនៃការចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគម្រោង ក្រុមការងារពាក់ព័ន្ធ បានពិភាក្សាលើសកម្មភាពមួយចំនួនមានដូចជា៖ ការងារកៀរពង្រាបដីដោយប្រព័ន្ធឡាហ៊្សែរ ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍នៅសហគមន៍កសិកម្មសំភ្លីអង្គរង្សី ស្ថិតនៅឃុំព្រៃខ្លា ស្រុកកោះអណ្តែត។ ជាមួយគ្នានោះក៏បានទៅពិនិត្យសកម្មភាពសាងសង់ និងការប្រើប្រាស់ឡជីវឧស្ម័ន និងរោងជីកំប៉ុស្តិ៍ ស្ថិតនៅភូមិត្រពាំងស្គារ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវផងដែរ៕