នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ក្នុងនាមជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមឧត្តមសេនីយឯក ថោង សុគន្ធា អគ្គលេខាធិការងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសហការី នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង និងប្រធានអង្គភាពក្រោមឱវាទផងដែរ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិ សម្រាប់កិច្ចសហការជិតស្និទ្ធនាពេលកន្លងមក ដែលបាននាំមកនូវលទ្ធផលយ៉ាងល្អប្រសេីរលេីការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាពិសេសការអប់រំផ្សព្វផ្សាយដល់មន្ត្រីរាជការរបស់ក្រសួង និងនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្មទាំង៣ ព្រមទាំងការធ្វេីតេស្តទឹកមូត្ររកសារធាតុញៀនសម្រាប់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រសួង រៀងរាល់ត្រីមាស។ ឯកឧត្តមក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការរងអំពីផែនការសកម្មភាពដែលក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងបន្តជំរុញអនុវត្តក្នុងឆ្នាំ២០២៦នេះផងដែរ។
ក្នុងនាមឯកឧត្តម មាស វីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ថោង សុគន្ធា បានថ្លែងអំណរគុណ និងការកោតសរសើរចំពោះសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញ និងជំរុញអនុវត្តប្រកបដោយលទ្ធផលជាវិជ្ជមាននាពេលកន្លងមក។ ឯកឧត្តមសូមផ្តល់ការគាំទ្រចំពោះផែនការសកម្មភាពដែលក្រសួងត្រៀមអនុវត្ត និងប្តេជ្ញាបន្តផ្តល់កិច្ចសហការកាន់តែជិតស្និទ្ធថែមទៀត ដេីម្បីបង្កេីនប្រសិទ្ធភាពការងារ។
ឯកឧត្តម គង់ ច័ន្ទវាសនា បានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះការគាំទ្រ និងកិច្ចសហការរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តជំរុញអនុវត្តការងារឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ស្របតាមបទបញ្ជារបស់រាជរដ្ឋាភិបាល។
ក្រោយកិច្ចពិភាក្សាការងារនេះ ឯកឧត្តម គង់ ច័ន្ទវាសនា បានបន្តដឹកនាំកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួង ប្រចាំត្រីមាសទី១ និងបានដាក់ទិសដៅសម្រាប់អង្គភាពនានាត្រៀមអនុវត្តនាពេលខាងមុខ៕