ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីកសិកម្ម-សង្កាត់ចំនួន៤ខេត្តរួមមាន៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ដើម្បីតម្រង់ទិសការងារផ្សព្វផ្សាយ និងផ្តល់សេវាកម្មកសិកម្មជូនប្រជាកសិករ។
កិច្ចប្រជុំមានការចូលរួមពី លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ប្រធានការិយាល័យក្សេត្រសាស្រ្តខេត្តបាត់ដំបង អ្នកសម្របសម្រួលគម្រោង PCRL ប្រចាំខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ រួមជាមួយមន្ត្រីកសិកម្ម-សង្កាត់ចំនួន៤ខេត្ត។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពង្រឹងសមត្ថភាពមន្រ្តីកសិកម្មឃុំ លើកកម្ពស់ប្រសិទ្ធភាពគុណភាពការងារមន្រ្តីកសិកម្មឃុំ នៃការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម និងគម្រោងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មមន្ត្រីកសិកម្មឃុំ សង្កាត់ និងបង្កើនគុណភាពស្ថិតិកសិកម្មឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ទន្ទឹមនឹងនោះកិច្ចប្រជុំ ក៏បានពិភាក្សាផ្តោតលើការលើកស្ទួយផលិតកម្មបន្លែសុវត្ថិភាព ការផលិតស្រូវអង្ករប្រណិត (ពូជផ្ការំដួល និងសែនក្រអូប) និងការជំរុញការប្រើប្រាស់ធាតុចូលកសិកម្ម តាមវិធីសាស្រ្តធម្មជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់សារធាតុគីមី បង្កើនគុណភាពដី និងបង្កើនទិន្នផលដំណាំប្រកបដោយនិរន្តរភាព៕