នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ និងលោកជំទាវ អ៉ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកំពង់ត្រឡាច ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីឯកឧត្ដមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងចូលរួមសរុបចំនួន ២៨នាក់ និងប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន៣គ្រឿងបានចុះបង្ក្រាបបទល្មេីសជលផល នៅចំណុចព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងបេសកកម្មនេះ ក្រុមការងារបានរុះរើនិងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់បានចំនួន ០១ករណីរួមមាន ឧបករណ៍លូស្បៃមុងចំនួន ២៥មាត់ របាំងស្បៃមុងប្រវែង ១៤០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៧៥ដើម ចាក់លែងកូនត្រីចម្រុះប្រមាណ ១០០គីឡូក្រាម។
ជាចុងបញ្ចប់ ឯកឧត្តម និងលោកជំទាវ អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើស ក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕