នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១៤ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី។
កិច្ចប្រជុំនេះ បានពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងាររបស់លេខាធិការដ្ឋាន និងការងារត្រី-វិស័យ តាមបណ្តាសហគមន៍ទាំងអស់ដែលបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍រយៈពេល២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ និងផែនការសកម្មភាពប្រចាំខែកុម្ភៈ ឆ្នាំ២០២៦ របស់ក្រុមការងារតាមក្រសួងនីមួយៗ លើកិច្ចអន្តរាគមន៍នៅឆ្នាំ២០២៥ និងបណ្តាសហគមន៍ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យនៅឆ្នាំ២០២៦ វឌ្ឍនភាព និងការរៀបចំលក្ខខណ្ឌការងារ (TOR) សម្រាប់រៀបចំ “ក្របខណ្ឌយុទ្ធសាស្ត្រ និងផែនការយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម ទឹក និងអភិវឌ្ឍន៍ជនបទនៅកម្ពុជា (២០២៦-២០៣០)។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមសហប្រធានទាំងបី បានសម្រេច និងផ្ដល់អនុសាសន៍ណែនាំដល់លេខាធិការដ្ឋានក្នុងការបង្កើនប្រសិទ្ធភាពការងារ និងធានាបាននូវលទ្ធផលរំពឹង រួមមាន៖ ទី១.លេខាធិការដ្ឋានប្រមូលរបាយការណ៍ពីក្រុមការងារតាមក្រសួងនីមួយៗ (១សប្តាហ៍មុនកាលបរិច្ឆេទប្រជុំ) នូវរបាយការណ៍វឌ្ឍនភាព និងផែនការសកម្មភាពការងារត្រី-វិស័យ ដើម្បីលេខាធិការដ្ឋានមានលទ្ធភាពរៀបចំជារបាយការណ៍រួមស្តីពីវឌ្ឍនភាព និងលទ្ធផលការងារត្រី-វិស័យ គិតជាភាគរយធៀបនឹងផែនការ ទី២.លេខាធិការដ្ឋានបន្ដអនុវត្ដការងារទោះបីគ្មានគម្រោងដៃគូគាំទ្រ (Slowly but Surely) និងទី3.ក្រុមការងារយុទ្ធសាស្រ្ដគ្រោងបង្កើតថ្មីនឹងរៀបចំផែនការយុទ្ធសាស្រ្ដមូលដ្ឋានច្បាស់លាស់ក្នុងការជជែកពិភាក្សាជាមួយ DPs ចូលរួមសហការជាមួយក្រុមការងារត្រីវិស័យ។ បន្ថែមពីនេះ កិច្ចប្រជុំបានកំណត់យក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ សម្រាប់កិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រីវិស័យលើកទី១៥ ដំណើរចុះពិនិត្យវឌ្ឍនភាពការងារសហគមន៍កសិកម្មគាំទ្រដោយក្រុមការងារត្រីវិស័យចំនួន៥ទីតាំង និងលើកសំណើសុំការអនុញ្ញាត្ដពីឯកឧត្ដមរដ្ឋមន្រ្ដីទាំងបី រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដី លើកទី៦ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ខាងមុខ៕