នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គណៈកម្មាធិការតម្រង់ទិសគម្រោង «គជ់» (PEARL) បានរៀបចំកិច្ចប្រជុំលើកទី៧ ដើម្បីពិនិត្យលើវឌ្ឍនភាពការងារគម្រោង ពិភាក្សាអំពីបញ្ហាប្រឈម ព្រមទាំងអនុម័តលើសកម្មភាពអាទិភាពនានា សំដៅបង្កើនប្រសិទ្ធភាពនៃការគាំទ្រដល់កសិករ ក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
កិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោកស្រី Rebekah Bell តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)ប្រចាំកម្ពុជា។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកគម្រោង ព្រមទាំងតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត។
នៅក្នុងអង្គប្រជុំ បានអនុម័តលើសកម្មភាពសំខាន់ៗមួយចំនួន រួមមាន៖ បង្កើនការគាំទ្រដល់មន្ត្រីកសិកម្មឃុំនៅក្នុងខេត្តគោលដៅទាំង៤ ដើម្បីផ្តល់សេវាកម្មផ្ទាល់ជូនកសិករ។ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា ដែលបន្តអភិវឌ្ឍ និងពង្រីកប្រព័ន្ធ Farmbook របស់ក្រសួងកសិកម្ម ជំនួសឱ្យការបង្កើតប្រព័ន្ធថ្មី។ សកម្មភាពការពារ និងស្តារព្រៃឈើ ដើម្បីធានានិរន្តរភាពបរិស្ថាន ព្រមទាំងកែសម្រួលផែនការតាមដាន និងវាយតម្លៃ (M&E) ដើម្បីធានាថាធនធានទាំងអស់ត្រូវបានប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនោះ ការសម្រេចចិត្តទាំងនេះ នឹងជួយឱ្យគម្រោងផ្ដោតលើការគាំទ្រជាក់ស្ដែងដល់កសិករខ្នាតតូច តាមរយៈការផ្តល់ព័ត៌មានកសិ-ឧតុនិយមទាន់ហេតុការណ៍ ការការពារធនធានធម្មជាតិ និងការពង្រឹងការទទួលបានចំណេះដឹង ព្រមទាំងសេវាកម្មកសិកម្មប្រកបដោយគុណភាព។
សូមបញ្ជាក់ផងដែរថា គម្រោង «គជ់» មានគោលដៅផ្តល់ផលប្រយោជន៍ដល់គ្រួសារកសិករប្រមាណ ១០ម៉ឺនគ្រួសារ (ប្រមាណ៤៥ម៉ឺននាក់) នៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន៖ ខេត្តកំពង់ធំ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ៕