នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមសៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារឌីជីថល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងស្តាប់បទបង្ហាញអំពីការអភិវឌ្ឍប្រព័ន្ធអេឡិចត្រូនិកសម្រាប់សេវាសាធារណៈរបស់ក្រសួង នៅអាគារតេជោសន្តិភាព ទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមផងដែរ ពីអង្គភាពពាក់ព័ន្ធដែលរួមមាន មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើ ដើម្បីពិនិត្យ ពិភាក្សា និងស្វែងយល់អំពីបែបបទ ដំណើរការ និងលក្ខខ័ណ្ឌតម្រូវសម្រាប់តម្រូវការរៀបចំប្រព័ន្ធ។
សូមជម្រាបផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំដាក់ឱ្យដំណើរការសេវាសាធារណៈអាទិភាពរបស់ក្រសួងចំនួន ៤១សេវា ជាទម្រង់អេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីសម្រួលដល់សាធារណជនដែលមានតម្រូវការស្នើសុំវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតិធ្វើអាជីវកម្មផ្សេងៗសម្រាប់វិស័យកសិកម្ម៕