នៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ។
ពិធីនេះមានការចូលរួមពីឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរ និងមន្ត្រីរាជការ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង លោកគ្រូបង្គោល មកពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងតំណាងពីនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងមន្ត្រីកសិកម្មឃុំ-សង្កាត់ សរុបអ្នកចូលរួមចំនួន១៧៤នាក់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ លើការងារសំខាន់ៗមានដូចជា៖ ការត្រៀមបង្ការ និងតាមដានមុន និងក្រោយគ្រោះមហន្តរាយកើតឡើង ការប្រមូលទិន្នន័យ និងរាយការណ៍អំពីគ្រោះមហន្តរាយក្នុងឃុំគោលដៅ និងផែនការសកម្មភាព ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំផ្តល់ជាអនុសាសន៍ដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ក្តាប់ឱ្យបាននូវរាល់ស្ថានភាពនៅមូលដ្ឋានរបស់ខ្លួន ប្រសិនកើតមានទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺឆ្លងសត្វ សត្វល្អិតចង្រៃបំផ្លាញដំណាំ និងតាមដានតម្លៃកសិផល ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរាយការណ៍បន្ត ដើម្បីបានចុះអន្តរាគមន៍ដោះស្រាយទាន់ពេលវេលា៕