នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន បានសហការដឹកនាំកិច្ចប្រជុំខាងលើ នៅទីស្តីការក្រសួង ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាព ព្រមទាំងនាយក ប្រធាន មន្ត្រី និងទីប្រឹក្សាគម្រោង សរុបចំនួន ៤៦ នាក់ ក្នុងនោះ មានស្ត្រី ៨ នាក់។
កិច្ចប្រជុំ ដែលរួមមានការបកស្រាយនូវបទបង្ហាញ និងការពិភាក្សាយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់នេះ ត្រូវបានធ្វើឡើងដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅធ្វើឱ្យគម្រោងទាំងអស់ ដែលជាយន្តការរបស់ក្រសួង រួមចំណែកបានកាន់តែល្អ និងជាក់ស្តែង ដល់ការអភិវឌ្ឍវិស័យកសិកម្មជាតិ និងការបង្កើនប្រាក់ចំណូលជូនកសិករ ។
ក្នុងន័យនេះ កិច្ចប្រជុំបានផ្តោតជាពិសេសលើ ៖ ១) ការបង្កើនភាពជាម្ចាស់ និងប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង ២) ការកែសម្រួលការគ្រប់គ្រង និងសកម្មភាពមួយចំនួន ឱ្យត្រូវនឹងសភាពការណ៍ជាក់ស្តែងនៅក្នុងវិស័យ គោលនយោបាយថ្មីរបស់ជាតិ និងយុទ្ធសាស្ត្រថ្មីរបស់ក្រសួង និង ៣) ការបង្កើនសកម្មភាព ដើម្បីរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាជន នៅក្នុងខេត្តដែលរងគ្រោះដោយសារសង្គ្រាម ។
ជាលទ្ធផល អង្គប្រជុំទទួលបានព័ត៌មាន និងមតិយោបល់ល្អៗជាច្រើន ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការរៀបចំធ្វើសេចក្តីព្រាងសេចក្តីសម្រេច ឬ ការណែនាំ សម្រាប់ជូន ឯកឧត្តមរដ្ឋមន្ត្រី ពិនិត្យ និងចុះហត្ថលេខា៕