នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការបើកស្ថានទូតកាណាដានៅព្រះរាជាណាចក្រកម្ពុជា និងលទ្ធភាពនៃការបង្កើនការវិនិយោគលើវិស័យកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈប្រទេសកាណាដា ចាប់អារម្មណ៍លើកសិផលសក្តានុពលកម្ពុជា រួមមាន៖ ស្វាយចន្ទី ម្រេចកំពត និងកាហ្វេកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់ភាគីកាណាដាពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម ការផ្តល់នូវបច្ចេកទេសកសិកម្មពីជំនាញការកាណាដា សំដៅអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពដល់គ្រឹះស្ថានកសិកម្មទាំងបីនៃក្រសួងកសិកម្ម ជាពិសេសរាជបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្ម ដែលផ្តោតលើការស្រាវជ្រាវ និងពិសោធន៍ជាសំខាន់។
កិច្ចប្រជុំបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បង្ហាញគោលជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ការពង្រឹងកសិ-ពាណិជ្ជកម្ម បំពេញបន្ថែមទៅវិញទៅមកជាដៃគូល្អ និងផ្តល់ផលចំណេញរួមគ្នា៕