នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប បានអញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានការចូលរួមពីលោកអភិបាលរងស្រុកវ៉ារិន តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ។ សកម្មភាពនេះមានគោលបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់ប្រជាកសិករអំពីគោលបំណង លក្ខន្តិកៈ និងលក្ខខណ្ឌនៃការចូលរួមក្នុងគម្រោង ព្រមទាំងឱកាសទទួលបានការគាំទ្រសម្រាប់ការអភិវឌ្ឍមុខរបរកសិកម្មនៅមូលដ្ឋាន។
គម្រោង EMPOWER ផ្តោតលើការគាំទ្រសកម្មភាពផលិតកម្មកសិកម្មចម្រុះ រួមមាន ការដាំដុះដំណាំបន្លែ ការផលិតផ្សិត ការចិញ្ចឹមឃ្មុំ និងការចិញ្ចឹមមាន់តាមលក្ខណៈបច្ចេកទេស ព្រមទាំងការប្រើប្រាស់សម្ភារៈ ធាតុចូល និងជំនួយផ្សេងៗឱ្យបានត្រឹមត្រូវ ចំគោលដៅ និងមានប្រសិទ្ធភាព។ ជាពិសេស គម្រោងនឹងគាំទ្រដល់កសិករដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប តាមរយៈការផ្តល់ឱកាសទទួលបានចំណេះដឹង បច្ចេកទេស និងធនធានចាំបាច់ សម្រាប់ពង្រឹងសមត្ថភាពផលិតកម្ម និងបង្កើតមុខរបរដែលសមស្របទៅនឹងសក្តានុពល និងតម្រូវការជាក់ស្តែងរបស់គ្រួសារនីមួយៗ។
តាមរយៈការអនុវត្តគម្រោងនេះ កសិករក្រីក្រ និងគ្រួសារងាយរងគ្រោះនៅមូលដ្ឋាននឹងទទួលបានឱកាសពង្រីកមុខរបរ និងធ្វើពិពិធកម្មប្រភពចំណូល ដើម្បីកាត់បន្ថយការពឹងផ្អែកលើមុខរបរតែមួយ ព្រមទាំងបង្កើនសមត្ថភាពក្នុងការឆ្លើយតបនឹងហានិភ័យ និងបញ្ហាប្រឈមនានា។ គម្រោងនេះរំពឹងថានឹងរួមចំណែកបង្កើនផលិតភាព កាត់បន្ថយភាពងាយរងគ្រោះ ពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករគ្រួសារ ព្រមទាំងចូលរួមធានាសន្តិសុខស្បៀង៕