នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារទាំងពីរ។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការអនុវត្តការងាររបស់គ្រប់អង្គភាពចំណុះក្រសួង ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តបទបញ្ជា ០១ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ ព្រមទាំងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងការងារផ្សព្វផ្សាយ អប់រំ និងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងការប្រយុទ្ធនឹងជំងឺអេដស៍ ឱ្យបានជាប់ជាប្រចាំ និងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងផែនការរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំ និងជំរុញឱ្យគ្រប់អង្គភាព បន្តចូលរួមផ្សព្វផ្សាយ និងអប់រំទាំងក្នុងក្របខណ្ឌក្រសួង នៅតាមមូលដ្ឋានដែលអង្គភាពទទួលខុសត្រូវ និងតាមសហគមន៍ព្រមទាំងបន្តពង្រឹងកិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការចូលរួមរបស់គ្រប់ភាគីពាក់ពន្ធ័៕