នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំក្រុមការងារចម្រុះ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅចំណុចលំហទន្លេសាប មុខព្រែកជើងលោង និងព្រែកទាល់ ក្នុងខេត្តកំពង់ធំ ។
ក្នុងដំណើរបេសកកម្មនោះ ការចូលរួមពី លោក ប៉ី វិចិត្រ នាយរងអធិការខាងជើងបឹងទន្លេសាប លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ កម្លាំងទីបញ្ជាការស្រាលប្រចាំផាត់សណ្តាយ និងកម្លាំងយោធាអន្តរាគមន៍ពិសេស(ភូមិភាគ៤) សរុបចំនួន ២៨នាក់ ដោយប្រើមធ្យោបាយកាណូតចំនួន៩គ្រឿង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល។
ក្នុងប្រតិបត្តិការបង្ក្រាប ជាលទ្ធផលបាន២ករណី៖ ទី១.បានរុះរើ និងបំផ្លាញចោលរបាំងសាច់អួនក្រឡាញឹក១២របាំង ដែលមានប្រវែងស្មើនឹង១២០០ម៉ែត្រ ទ្បុកចំនួន២០គ្រឿង លប/លូចំនួន២០មាត់បង្គោលចំរឹងចំនួន១០០០ដើម ករណីទី២. កាប់បំផ្លាញចោលឧបករណ៍លបប្រើស១០០ឬលបកន្ទុយកណ្ដុរ២៥លប។
មុននឹងបញ្ចប់បេសកកម្ម ឯកឧត្តម ប៉ែន ផល្លីកា បានសម្តែងការថ្លែងអំណរគុណ និងសូមសរសើរដល់ក្រុមការងារចម្រុះរបស់យើង ដែលជានិច្ចកាលតែងតែខិតខំប្រឹងប្រែង ទប់ស្កាត់បទល្មើសជលផលបានយ៉ាងសកម្មដូចភ្លៀងរលឹម ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលតែងតែចុះល្បាតជាប្រចាំផងដែរ៕