នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC កម្ពុជា-វៀតណាមលើកទី២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម អ៊ឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីថា្នក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំបានពិភាក្សា ពិនិត្យ និងផ្តល់ធាតុចូលលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ JC កម្ពុជា-វៀតណាមលើកទី២១ តាមវិស័យ និងអនុវិស័យពាក់ព័ន្ធ។ សម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានពាក់ព័ន្ធនឹងចំណុច "Cooperation in Agriculture, Forestry and Fisheries" ដែលឯកឧត្តម ហុង ណារិត បានលើកឡើងនៅក្នុងកិច្ចប្រជុំអំពីយុទ្ធសាស្រ្តនិងគោលនយោបាយរបស់ក្រសួង និងបានផ្តល់ធាតុចូលសំខាន់ៗ ទាក់ទងនឹងវិស័យកសិកម្ម ជូនអង្គប្រជុំទាំងមូល ដើម្បីត្រៀមពិភាក្សាក្នុងកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (Joint Commission on Economic, Culture, Scientific and Technological Cooperation) នៅថ្ងៃទី៩-១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅខេត្តសៀមរាប ៕