នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា» ដើម្បីស្តាប់នូវបញ្ហាប្រឈម និងសំណើសំណូមពររបស់សមាគម នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានទទួលជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាត់តាំងពីអ្នកចិញ្ចឹមនិងផលិតទឹកឃ្មុំ អាជីវករ និងតំណាងសមាគម ធ្វើយ៉ាងណារៀបចំស្តង់ដារឱ្យមានភាពបន្ស៊ីគ្នា មានបច្ចេកទេសត្រឹមត្រូវ យល់ច្បាស់ពីតម្រូវការនិងការផ្គត់ផ្គង់ទៅតាមរដូវកាល និងមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំដល់តំណាងសមាគម និងភាគីពាក់ព័ន្ធទាំងអស់ ជំរុញការអភិវឌ្ឍទីផ្សារទឹកឃ្មុំឱ្យទទួលបានផលចំណេញ រក្សាបាននូវភាពធម្មជាតិនៃទឹកឃ្មុំដែលមានគុណភាពល្អ សុវត្ថិភាពខ្ពស់សម្រាប់អ្នកប្រើប្រាស់ មានការផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងទីផ្សារក្នុងស្រុក និងឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ហើយក្រសួងកសិកម្ម នឹងផ្តល់ជាជំនួយស្តង់ដារបច្ចេកទេសនិងលក្ខខណ្ឌតម្រូវនៃការចិញ្ចឹមសត្វឃ្មុំ សំដៅទទួលបានផលចំណេញទាំងអស់គ្នា៕