ព័ត៌មានផ្សេងៗទៀត
ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ឃី កុសល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយសម្បទានិកដែលទទួលផលពីគម្រោង ស្ថិតក្នុងខេត្តចំនួន៤រួមមាន៖ ខេត្តកំពង់ធំ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង។
គោលបំណងនៃការចុះពិនិត្យ ដើម្បីវាយតម្លៃពីស្ថានភាពនៃការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចុះពិនិត្យវឌ្ឍនភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ នៅគោលដៅទីតាំងសម្បទានដីសង្គមកិច្ចស្ថិតនៅខេត្តចំនួន៤នោះ ដោយមានការចូលរួមពីក្រុមការងារគម្រោងថ្នាក់កណ្តាល និងថ្នាក់ខេត្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕