នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រហៃខូ និងក្រុមអ្នកវិនិយោគទុនចិនក្នុងវិស័យសំខាន់ៗ មកពីសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួប ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់បណ្ឌិត្យសភា និងក្រុមអ្នកវិនិយោគទុនចិន ក្នុងការវិនិយោគលើវិស័យសំខាន់ៗមួយចំនួនរួមមាន៖ បច្ចេកទេសពីការដាំដុះរហូតដល់កែច្នៃ ការវិនិយោគលើវិស័យជលផល អភិវឌ្ឍន៍កំពង់ផែ ឃ្លាំងស្តុក ការអភិវឌ្ឍន៍លើរុក្ខជាតិសម្រាប់ធ្វើថ្នាំបុរាណ និងការនាំចេញផលិតផលកសិកម្មទៅប្រទេសចិន។
ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ដំណើរការវិនិយោគ ឯកឧត្តម គី ច័ន្ទរំដួល បានផ្តល់អនុសាសន៍ និងជម្រាបព័ត៌មានសំខាន់ៗចំនួន ៣ចំណុច ដល់ភាគីចិន ដូចជា ៖ ទី១. គោលនយោបាយលើកទឹកចិត្តវិនិយោគិន៖ រាជរដ្ឋាភិបាលកម្ពុជាមានច្បាប់វិនិយោគថ្មី និងការផ្ដល់ឋានៈជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកវិនិយោគ។ ទី២. ការបើកទីផ្សារនាំចេញកសិផលទៅប្រទេសចិន ដោយនាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ពោធជាផ្លូវការនូវការដឹកជញ្ជូនកសិផលកម្ពុជាឆ្លងកាត់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវរួមមាន៖ ផ្លែទុរេន ចេក ស្វាយ មៀនប៉ៃលិន ដំឡូងមី និងអង្ករ។ ជាមួយគ្នានេះ ឯកឧត្តម គី ច័ន្ទរំដួល បានស្នើឱ្យភាគីចិនពិនិត្យលទ្ធភាពសហការជាមួយស្រាវជ្រាវរួមគ្នាជាមួយបណ្ឌិត្យសភាវិទ្យាសាស្រ្តកសិកម្មកម្ពុជាលើការអភិវឌ្ឍន៏វិស័យជលផល និងការស្រាវជ្រាវលើការអភិវឌ្ឍន៍រុក្ខជាតិសម្រាប់ធ្វើថ្នាំបុរាណ។
ជាចុងបញ្ចប់ ភាគីចិនបានទទួលយកអនុសាសន៍របស់ឯកឧត្តម គី ច័ន្ទរំដួល ហើយនឹងជួយផ្សព្វផ្សាយដល់វិនិយោគិនចិន ដើម្បីជំរុញឱ្យមានការចាប់អារម្មណ៍មកវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាបន្ថែមទៀត៕