ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន តំណាងឲ្យរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី " វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU"
ចេញផ្សាយ ៨ កក្កដា ២០១៩
3762
នៅព្រឹកថ្ងៃសុក្រ ០៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឲ្យរាជរដ្ឋាភិបាលបានដឹកនាំគណ:ប្រតិភូក្រសួងអញ្ជើញចូលរួមការពារសេចក្តីព្រាងច្បាប់ស្តីពី
" វិធានការរដ្ឋម្ចាស់កំពង់ផែដើម្បីបង្ការទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (Illigal Unreported and Unregulated Fishing, IUU" ជាមួយគណ:កម្មការទី០៣ នៃព្រឹទ្ធសភា ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណ:កម្មការទី០៣ នៃព្រឹទ្ធសភា អនុប្រធាន សមាជិក សមាជិកា គណ:កម្មការទី៤ ៥ ៦ ៧ ៨ និងទី១០ ជាច្រើនរូបទៀត។
បន្ទាប់ពីឯកឧត្តមបណ្ឌិតប្រធានអង្គប្រជុំបានអានសេចក្តីថ្លែងហេតុ ណែនាំសមាសភាពនៃសមា ជិកគណ:កម្មការ និងសង្ខេបជូនអង្គប្រជុំបានជ្រាបពីរបៀបវារ: និងគោលបំណងនៃកិច្ចប្រជុំនេះ រួចមកឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមដ៏ខ្ពង់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលបានអនុញ្ញាតឲ្យដាក់សេចក្តីព្រាងច្បាននេះឆ្លងគណ:កម្មការទី០៣ នៃព្រឹទ្ធសភានាពេលនេះ។ ឯកឧត្ដមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងគឺទី១. ប្រើប្រាស់យន្តការច្បាប់ដើម្បីលុប បំបាត់ IUU តាមរយៈការអនុវត្តវិធានការរដ្ឋម្ចាស់កំពង់ផែឲ្យមាន ប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍ អភិរក្ស ប្រើធនធានមច្ឆជាតិ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រឲ្យមានចីរភាពនិងនិរន្តរភាព និងទី២.ទប់ស្កាត់និងចាត់វិធានការផលនេសាទដែលទទួលបានពី IUU ចូលទៅក្នុងទីផ្សារជាតិ និងអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថាកិច្ចព្រមព្រៀងច្បាប់នេះ ត្រូវបានអនុម័តដោយសន្និសីទអង្គការ FAO នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយបានចូលជាធរមាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៦។ បច្ចុប្បន្នមាន៦០ ប្រទេសរួមទាំងសហភាពអឺរ៉ុបបានចូលរួមជាភាគីអនុវត្តកិច្ចព្រម ព្រៀងនេះក្នុងនោះប្រទេសជាសមាជិកអាស៊ានចំនួន៥ រួមមានប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និងប្រទេសវៀតណាមក៏ជាសមាជិកផងដែរ។ កិច្ចព្រមព្រៀងច្បាប់នេះគឺជាឯកសារ គតិយុត្តិដ៏សំខាន់តែមួយគត់ដែលមានគោលបំណងប្រយុទ្ធប្រឆាំង IUU។ កិច្ចព្រមព្រៀងច្បាប់នេះត្រូវបានសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្រេចយល់ព្រមបញ្ជូនទៅសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិដែលរួមមាន ៣មាត្រា កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ និងបានអនុម័តដោយរដ្ឋសភាពកាលពីថ្ងៃទី០១ ខែកក្កដាដើមសប្តាហ៍នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថាតាមរយ:កិច្ចព្រមព្រៀងនេះ កម្ពុជានឹងទទួលបានផលប្រយោជន៍សំខាន់ៗដូចជា៖ លើកកម្ពស់ការអនុវត្តច្បាប់ដើម្បីប្រយុទ្ធប្រឆាំង IUU ស្តារទំនុកចិត្តក្នុងការប្រើទង់ជាតិកម្ពុជាដោយនាវាសហគមន៍អន្តរជាតិ កែលម្អតម្លាភាពក្នុងអភិបាលកិច្ចជល ផល ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិដែលចូលរួមក្នុងការគ្រប់គ្រងកំពង់ផែ ជំរុញកិច្ចសហប្រតិបត្តិការថ្នាក់តំបន់និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង IUU សហគមន៍អន្តរជាតិទទួលស្គាល់ឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹង IUU ហើយកម្ពុជានឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពបន្ថែមដើម្បីឆ្លើយតបនឹង IUU និងជាពិសេសអាចឲ្យសហភាពអឺរ៉ុបដកកាតក្រហមចេញពីកម្ពុជាផងដែរ។
ក្រោយបានពិនិត្យ ពិភាក្សាយ៉ាងលម្ពិតទៅលើទម្រង់រដ្ឋបាល ខ្លឹមសារច្បាប់ អត្ថប្រយោជន៍ និងជាពិសេសឆន្ទ:របស់ក្រសួងចង់បង្កើតច្បាប់នេះ អង្គប្រជុំបានសម្រេចដាក់ចូលសេចក្តីព្រាងច្បាប់នេះទៅក្នុងប្រជុំអចិន្ត្រៃយព្រឹទ្ធសភានៅថ្ងៃចន្ទទី០៨ និងសម័យប្រជុំពេញអង្គលើកទី៤ នីតិកាលទី៣ នៃព្រឹទ្ធសភានៅថ្ងៃទី១១ ខែកក្កដាសប្តាហ៍ក្រោយ។