នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន និងក្រុមហ៊ុនទិញលក់មៀនប៉ៃលិនស្រស់ និងក្រុមហ៊ុនកែច្នៃសម្ងួតមៀនប៉ៃលិន។ កិច្ចពិភាក្សាមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ មន្ត្រីជំនាញរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើបមៀនប៉ៃលិន ក្រុមហ៊ុនប្រមូលទិញមៀនស្រស់ និងក្រុមហ៊ុនកែច្នៃសម្ងួតមៀន នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលមានអ្នកចូលរួមសរុបចំនួន៣៨នាក់ ស្ត្រី៨នាក់។
ឯកឧត្តម គី ច័ន្ទរំដួល បានគូសបញ្ជាក់ថា គោលបំណងនៃកិច្ចពិភាក្សា ដើម្បីប្រមូលបញ្ហាប្រឈមរបស់កសិករដាំដុះមៀនប៉ៃលិន រៀបចំផែនការផលិត ផែនការលក់ផ្លែមៀនស្រស់ និងការកែច្នៃផ្លែមៀនជាដំណាប់ មៀនកំប៉ុង មៀនចំណិតសម្រាប់ធ្វើជាភេសជ្ជៈ ធ្វើយ៉ាងណាឱ្យផ្លែមៀនដែលបានផលិតមកត្រូវបានប្រើប្រាស់អស់ ដោយគ្មានការបោះចោលដែលនាំឱ្យកសិករខាតបង់នោះទេ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបមៀនប៉ៃលិន មានសមាជិកចំនួន៨២គ្រួសារ ផ្ទៃដីផលិតកម្មចំនួន ៥៦៣ហិកតា បរិមាណផលប្រចាំឆ្នាំ ផ្លែមៀនប៉ៃលិនស្រស់(ស្តង់ដានាំចេញ) ចំនួន៦០០០តោន/ឆ្នាំ និងផ្លែមៀនចម្រុះ (មៀនមិនត្រូវស្តង់ដា) ចំនួន១៤០០តោន/ឆ្នាំ។ មានក្រុមហ៊ុនចំនួន៦ប្រមូលទិញផ្លែមៀន សន្យាទទួលទិញមៀនប៉ៃលិនស្រស់ស្តង់ដា ពីសហគមន៍កសិកម្មមៀនប៉ៃលិន ចំនួន៥ ០០០តោន/ឆ្នាំ៕