នៅថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការត្រៀមបង្ការគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម និងយន្តការរាយការណ៍» ដល់មន្រ្តីកសិកម្មឃុំ១៨ខេត្ត។
ពិធីបិទវគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង មានការចូលរួមពី ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ព្រមទាំងលោកគ្រូបង្គោល ដែលអញ្ជើញមកពីអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម។
នាឱកាសនោះ ឯកឧត្តម តូច ប៊ុនហួរ បានគូសបញ្ជាក់ថា គោលបំណងនៃវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពដល់មន្ត្រីកសិកម្មឃុំ លើការងារសំខាន់ៗមានដូចជា៖ ការត្រៀមបង្ការ និងតាមដានមុន និងក្រោយគ្រោះមហន្តរាយកើតឡើង ការប្រមូលទិន្នន័យ និងរាយការណ៍អំពីគ្រោះមហន្តរាយក្នុងឃុំគោលដៅ និងផែនការសកម្មភាព ដើម្បីបន្ធូរបន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ការណែនាំដល់មន្រ្តីកសិកម្មឃុំឱ្យយកចិត្តទុកដាក់ តាមដានជាប្រចាំក្នុងករណីមាន ទឹកជំនន់ គ្រោះរាំងស្ងួត ជំងឺសត្វ សត្វល្អិតបំផ្លាញដំណាំ និងតម្លៃកសិផល។ល។ ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់លើតួនាទីរបស់មន្រ្តីកសិកម្មឃុំ ក្នុងការរាយការណ៍ ដើម្បីស្វែងរកដំណោះស្រាយឱ្យទាន់ពេលវេលា និងការចងក្រងទិន្នន័យកសិកម្មឱ្យបានជាក់លាក់នៅថ្នាក់មូលដ្ឋានរបស់ខ្លួន។
សូមជម្រាបជូនថា ការផ្តល់វគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១៨ខេត្ត រួមមាន៖ ខេត្តតាកែវ កំពត កែប កំពង់ស្ពឺ កណ្តាល ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង ព្រៃវែង រតនគិរី ក្រចេះ សៀមរាប ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង គឺខេត្តចុងក្រោយគេនៃវគ្គបណ្តុះបណ្តាល ដែលសរុបខេត្តទាំងអស់មានមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១២៤០នាក់ មកពី ១២៣៥ ឃុំ/សង្កាត់៕