នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) រួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសលើកទី១៧ ដោយមានការចូលរួមពីសមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងនៃក្រសួងទាំងបី។
កិច្ចប្រជុំបានលើកមកពិភាក្សាជាសំខាន់ នូវបណ្តាចំណាត់ការដែលត្រូវចាត់ចែងអនុវត្ត សកម្មភាពជាគោលការណ៍ទាំង៦ចំណុច ដែលបានសម្រេចដោយកិច្ចប្រជុំត្រី-វិស័យលើកទី៦ ថ្នាក់រដ្ឋមន្ត្រីដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
អង្គប្រជុំបានលើកមកពិភាក្សា និងបានឯកភាពជាគោលការណ៍លើការងារអាទិភាពមួយចំនួន រួមមាន ការជ្រើសរើសសហគមន៍គោលដៅបន្ថែមសម្រាប់កិច្ចអន្តរាគមន៍ត្រី-វិស័យ ដោយសិក្សាលទ្ធភាពប្រើប្រាស់ការគាំទ្រពីគម្រោង និងដៃគូអភិវឌ្ឍន៍នានា ការសនិទានកម្មថវិកា (Budget Rationalization) និងការរៀបចំផែនការថវិកាសម្រាប់គាំទ្រសកម្មភាពរួម ការរៀបចំផែនការសកម្មភាពសម្រាប់ជនភៀសសឹក និងការសិក្សាលម្អិតអំពីប្រភពទឹក និងលទ្ធភាពសាងសង់អាងស្តុកទឹកសម្រាប់ការដាំស្មៅចំណីគោ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមសហប្រធានទាំងបី បានផ្តល់អនុសាសន៍ដល់លេខាធិការដ្ឋាន ដើម្បីបន្តជំរុញការអនុវត្តការងារត្រី-វិស័យឱ្យកាន់តែមានប្រសិទ្ធភាព។ អនុសាសន៍ទាំងនោះរួមមាន ការបន្តនីតិវិធីជ្រើសរើសសហគមន៍គោលដៅតាមក្របខណ្ឌគម្រោង CASDP ការកំណត់តំបន់ និងសហគមន៍ដែលមានសក្តានុពលសម្រាប់ការចុះពិនិត្យនិងជ្រើសរើសគាំទ្របន្ថែម ការរៀបចំបេសកកម្មចុះតំបន់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ការចុះវាយតម្លៃសហគមន៍ដែលទទួលបានការគាំទ្រពីក្រុមការងារត្រី-វិស័យនាពេលកន្លងមក និងការរៀបចំផែនការថវិកាសម្រាប់បញ្ចូលក្នុងផែនការថវិកា ៣ឆ្នាំរំកិល។
ជាមួយគ្នានេះ អង្គប្រជុំក៏បានណែនាំឱ្យពង្រឹងកិច្ចសហការរវាងលេខាធិការដ្ឋាន និងទីប្រឹក្សាក្រោមក្របខណ្ឌគម្រោងក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងពង្រឹងសមត្ថភាពដឹកនាំ ការសម្របសម្រួល និងកិច្ចសហការរវាងសមាជិកលេខាធិការដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការអនុវត្តការងារត្រី-វិស័យ សំដៅលើកកម្ពស់ជីវភាពរស់នៅ និងភាពធន់របស់សហគមន៍គោលដៅ៕