កាលពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ បានចុះរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំ ក្រោមអធិបតីភាពលោកបណ្ឌិត យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៅឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំ លោក/លោកស្រីមេភូមិ មន្ត្រីកសិកម្មឃុំ និងប្រជាកសិករ សរុបប្រមាណ ៣០រូប ក្នុងគោលបំណងដើម្បីផ្តល់ចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំរួមមាន៖ បច្ចេកទេសគ្រប់គ្រងនិងថែទាំសំបុកឃ្មុំ បច្ចេកទេសផ្តល់ចំណីបន្ថែមក្នុងរដូវដែលចំណីធម្មជាតិមិនមានគ្រប់គ្រាន់ បច្ចេកទេសប្រមូលផលទឹកឃ្មុំ និងបច្ចេកទេសរក្សាទុកទឹកឃ្មុំក្រោយពេលប្រមូលផល។ លើសពីនេះទៀត ក្រុមការងារបានផ្តល់ជូនសៀវភៅបច្ចេកទេសស្តីពីការចិញ្ចឹមឃ្មុំចំនួន១ក្បាលដល់មន្រ្តីកសិកម្មឃុំ សម្រាប់ជាជំនួយបន្ថែមក្នុងការពង្រឹងបច្ចេកទេសចិញ្ចឹមឃ្មុំដល់ប្រជាកសិករ។