មន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងពូជដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យអាជីវករពូជដំណាំ តាមបណ្តាដេប៉ូ ទីតាំងអាជីវកម្មគ្រាប់ពូជដំណាំ ដេប៉ូកូនដំណាំ និងរុក្ខជាតិលម្អ ដេីម្បីធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំសំដៅធានានូវការចរាចរគ្រាប់ពូជដំណាំ កូនដំណាំ និងរុក្ខជាតិលម្អនៅលើទីផ្សារប្រកបដោយគុណភាព ដើម្បីផលប្រយោជន៍សង្គម សេដ្ឋកិច្ច និងបរិស្ថាន។ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានពន្យល់ និងអប់រំណែនាំដល់អាជីវករ ដែលជាម្ចាស់អាជីវកម្មឱ្យយល់ដឹងកាន់តែច្បាស់ពីផលិតផលពូជដំណាំដែលត្រូវត្រួតពិនិត្យ និងការបំពេញលក្ខខណ្ឌភូតគាមអនាម័យនៅពេលនាំចូល ការអនុវត្តឱ្យបានត្រឹមត្រូវតាមវិធានបច្ចេកទេស មិនមានហានិភ័យដល់ផ្ទៃដីដាំដុះដំណាំ និងការអនុវត្តសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ លេខ៥៥ អ.ន.ក ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។
ជាពិសេស ត្រូវផ្គត់ផ្គង់ ចែកចាយតែផលិតផលដែលបានចុះបញ្ជិកា និងបញ្ជាក់គុណភាពត្រឹមត្រូវ ជៀសវាងការប្រព្រឹត្តល្មើសលេីអាជីវកម្មពូជដំណាំ ការផ្សព្វផ្សាយព័ត៌មានអវិជ្ជមាននៅក្នុងបណ្ដាញសង្គមដែលផ្ទុយនឹងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ បងប្អូនអាជីវករមានសេចក្ដីសោមនស្សរីករាយចំពោះមតិណែនាំខាងលើនេះ និងខិតខំបំពេញអាជីពរបស់ខ្លួនប្រកបដោយមនសិការវិជ្ជាជីវៈ ដេីម្បីផលប្រយោជន៍របស់កសិករជាចម្បង ៕