នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីបញ្ហាប្រឈមលើការលូតលាស់ដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត ទាំង២៥។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោក កញ្ញា អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកានៃ លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម ព្រមទាំងលោក លោកស្រី ប្រធាន ប្រធានស្តីទី អនុប្រធានទទួលបន្ទុករួម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការបានគូសញ្ជាក់ថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដូចជា ទី១.ពិនិត្យ និងវាយតម្លៃជាក់ស្តែងពីកម្រិតប៉ះពាល់ដល់ទិន្នផលស្រូវ និងការស្តារឡើងវិញ បន្ទាប់ពីមានអន្តរាគមន៍បូមទឹកសង្គ្រោះ និងមានភ្លៀងធ្លាក់រាយបាយ។ ទី២.ការត្រៀមបម្រុងឆ្លើយតបគ្រាប់ពូជស្រូវ ពូជបន្លែ និងដំណាំរួមផ្សំ ព្រមទាំងមធ្យោបាយ សម្ភារអន្តរាគមន៍ សម្រាប់ឆ្លើយតបពេលមានគ្រោះធម្មជាតិ ឬការផ្ទុះរាលដាលនៃជំងឺ និងសត្វល្អិតចង្រៃ។ ទី៣.បន្តចាក់វ៉ាក់សាំងបង្ការជំងឺសត្វ ធ្វើអនាម័យ ព្យាបាល និងត្រៀមវិធានការអន្តរាគមន៍លើជំងឺឆ្លងសត្វ និងទី៤.ពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីវាយតម្លៃការខូចខាត និងត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយលើវិស័យកសិកម្មឱ្យបានទាន់ពេលវេលា៕