នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហ៊ួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ឈុំ ឆុនលី ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ឯកឧត្តម ញ៉ែម ស្រស់ អភិបាលរងខេត្តតាកែវ
ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួង លោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានស្រុក ឃុំ និងមន្ត្រីកសិកម្មឃុំ បានចុះពិនិត្យ និងវាយតម្លៃស្ថានភាពនៃផលប៉ះពាល់ដំណាំស្រូវដោយទឹកជំនន់ នៅស្រុកទ្រាំង ស្រុកបូរីជលសារ និងស្រុកកោះអណ្តែត ខេត្តតាកែវ។
ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងបានណែនាំដល់មន្ទីរកសិកម្មខេត្ត អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងមន្ត្រីកសិកម្មឃុំ វាយតម្លៃផលប៉ះពាល់ជាក់ស្តែង និងកំណត់អត្តសញ្ញាណគ្រួសារកសិករដែលរងការខូចខាតដំណាំស្រូវ និងងាយរងគ្រោះ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា សម្រាប់ការដាំដុះឡើងវិញបានទាន់ពេលវេលាបន្ទាប់ពីទឹកស្រក។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ទឹកទន្លេដែលហូរមកពីទន្លេបាសាក់ និងទឹកភ្លៀង បានបង្កការជន់លិចដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅស្រុកចំនួន៦ រួមមាន៖ ស្រុកអង្គរបូរី, ទ្រាំង, បូរីជលសារ, កោះអណ្តែត, ព្រៃកប្បាស, និងស្រុកសំរោង ក្នុងនោះ ភូមិចំនួន ៧៨ភូមិ ក្នុងឃុំសរុបចំនួន ២២ឃុំ បានរងផលប៉ះពាល់ ដោយភាគច្រើនលើដំណាំស្រូវដែលទើបព្រោះបាន១ទៅ២សប្តាហ៍ និងនៅដំណាក់កាលពន្លូតដើម និងចេញផ្កា។
សូមបញ្ជាក់ផងដែរថា ក្នុងរយ:ពេលជាង១៥ឆ្នាំហើយ នៅភូមិសាស្រ្តភូមិ-ឃុំនៃស្រុកទាំង៣ មិនដែលជួបបញ្ហាលិចលង់នេះទេ។ បច្ចុប្បន្ន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ កំពុងតាមដានស្ថានភាពជន់លិចនេះបន្តទៀត៕