នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារដែលត្រូវបានជ្រើសរើសឱ្យទទួលផលពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ គម្រោង (EMPOWER) ចំនួនសរុប ៨៣៩ គ្រួសារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។
ពិធីនេះមានការចូលរួមពី ឯកឧត្តម ទី នរិន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាកាន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគោលដៅទាំង៣ គឺ ឃុំត្រពាំងជង ឃុំស្នាមព្រះ និងឃុំខ្នារទទឹង អាជ្ញាធរស្រុក ឃុំ និងភូមិ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ មន្ត្រីកសិកម្មឃុំ ក្រុមការងារអនុវត្ត គម្រោង EMPOWER និងប្រជាកសិករទទួលផល។
លោកជំទាវបានគូសបញ្ជាក់ថា គ្រួសារចំនួនសរុប ៨៣៩គ្រួសារ ដែលត្រូវបានជ្រើសរើសឱ្យទទួលផលពីគម្រោង គឺក្នុងនោះ ១៩៦គ្រួសារ សម្រាប់មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ និង៦៤៣គ្រួសារ សម្រាប់មុខរបរចិញ្ចឹមមាន់ស្រែ។ ក្នុងចំណោមគ្រួសារទទួលផលទាំងអស់ មានគ្រួសារដែលមានស្ត្រីជាតំណាងចំនួន ៤៧៤គ្រួសារ ស្មើនឹងប្រមាណ ៥៦ភាគរយ។ ជំហានបន្ទាប់ដ៏សំខាន់ គឺការបន្តចងក្រងគ្រួសារទទួលផលឆ្ពោះទៅការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីជំរុញឱ្យកសិករអាចរៀបចំផែនការផលិតរួមគ្នា អនុវត្តបច្ចេកទេសសមស្រប កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនគុណភាពផលិតផល និងបង្កើនលទ្ធភាពក្នុងការតភ្ជាប់ទីផ្សារ។
ក្នុងឱកាសនោះ លោកជំទាវ បានជម្រាបជូនប្រជាកសិករអំពីផែនការ និងជំហាននៃការអនុវត្តបន្ត បន្ទាប់ពីការជ្រើសរើសជាគ្រួសារទទួលផល ព្រមទាំងបានលើកទឹកចិត្តឱ្យគ្រួសារទទួលផលចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាល អនុវត្តតាមបច្ចេកទេស ប្រើប្រាស់ និងថែរក្សាសម្ភារគាំទ្ររបស់គម្រោងឱ្យចំគោលដៅ និងសហការជាមួយមន្ត្រីជំនាញ និងក្រុមការងារគម្រោងក្នុងដំណាក់កាលអនុវត្តបន្ត។
ជាចុងបញ្ចប់លោកជំទាវ ស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តកិច្ចសហការឱ្យបានជិតស្និទ្ធក្នុងដំណាក់កាលបន្ទាប់ ជាពិសេសការបណ្តុះបណ្តាលបច្ចេកទេស ការគាំទ្រដល់គ្រួសារទទួលផល ការតាមដានការអនុវត្ត និងការចងក្រងកសិករឆ្ពោះទៅការបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីធានាឱ្យការអនុវត្តគម្រោងសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕