នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ផល្លា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប ក្នុងខេត្តសៀមរាប។
ពិធីបើកកិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមាន ការអញ្ជើញ ចូលរួមពីតំណាងគណៈកម្មការអន្តរក្រសួង ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី មន្រ្តី ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជា និងតំណាងវិស័យឯកជន ដែលអ្នកចូលរួមសរុបប្រមាណ១២០នាក់។
គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីត្រួតពិនិត្យ និងពិភាក្សាការងាររៀបចំបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅទីរួមខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។
សូមបញ្ជាក់ថា ការបង្កើតឱ្យមានពិធីបុណ្យទន្លេនេះឡើង ក្នុងគោលបំណងរួមចំណែកជំរុញកំណើន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបង្កើនការផ្សព្វផ្សាយសក្តានុពល ទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនៅតាមដង ទន្លេនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយជំរុញ ផ្សព្វផ្សាយផងដែរ នូវភាពសម្បូរបែបនៃអនុតំបន់មេគង្គ៕