នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជ់ញទទួលជួបពិភាក្សាការងារជាមួយវិនិយោគិនស្រីលង្កា ដឹកនាំដោយ Ceylon Chamber of Commerce ដើម្បីស្វែងយល់អំពីបរិបទ និងយន្តការនៃការវិនិយោគលើវិស័យកសិកម្មក្នុងប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការធានាបាននូវសន្តិសុខស្បៀង ក្នុងនោះកសិផលសក្តានុពលជាច្រើនរបស់កម្ពុជា ផ្សារភ្ជាប់ទៅនឹងសហគមន៍កសិកម្មទំនើប ដែលផ្តល់ការគាំទ្រជាច្រើនដល់ប្រជាកសិករ មានផែនការអាជីវកម្មត្រឹមត្រូវ និងបង្កលក្ខណៈងាយស្រួលដល់រាល់វិនិយោគិន ទាំងគុណភាព សុវត្ថិភាព បរិមាណ និងទីផ្សារកសិផល។
បើតាម ឯកឧត្តមរដ្ឋលេខាធិការ វិស័យកសិកម្មកម្ពុជាក៏ត្រូវការការវិនិយោគលើឧស្សាហកម្មកែច្នៃ វេចខ្ចប់ រួមទាំងសេវាភស្តុភារកម្ម និងការស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដែលអាចនាំចេញកសិផលសក្តានុពលកម្ពុជា ប្រកបដោយគុណភាពខ្ពស់ រសជាតិល្អ និងទទួលបានតម្លៃបន្ថែមខ្ពស់ ជាជាងការប្រកួតប្រជែងលើបរិមាណ។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានទទួលស្វាគមន៍ និងលើកទឹកចិត្តដល់វិនិយោគិនស្រីលង្កា មកវិនិយោគលើវិស័យកសិកម្មកម្ពុជា ជាមួយនឹងកសិផលសក្តានុពលជាច្រើន សំដៅជំរុញការនាំចេញទៅកាន់ទីផ្សារ និងផ្តល់ផលចំណេញទៅវិញទៅមក៕