ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី “រលកស្ត្រី”។ គំនិតផ្តួចផ្តើមនេះផ្តោតលើការកែច្នៃសំណាញ់នេសាទដែលឈប់ប្រើប្រាស់ ទៅជាផលិតផលដែលអាចលក់បាន ដើម្បីបង្កើនឱកាសរកប្រាក់ចំណូលបន្ថែមសម្រាប់សហគមន៍មូលដ្ឋាន ព្រមទាំងកាត់បន្ថយហានិភ័យនៃការបោះចោលឧបករណ៍ទាំងនេះចូលទៅក្នុងសមុទ្រ។ សំណាញ់នេសាទឈប់ប្រើប្រាស់ គឺជាប្រភេទកាកសំណល់សមុទ្រដ៏គ្រោះថ្នាក់បំផុតមួយ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះសមុទ្រ និងសហគមន៍តាមតំបន់ឆ្នេរ។ នៅពេលសំណាញ់នេសាទត្រូវបានបោះចោលក្នុងសមុទ្រ វាអាចទាក់សត្វសមុទ្រ បណ្តាលឱ្យស្លាប់ និងនាំឱ្យមានការថយចុះនៃធនធានជលផល។ នៅកោះស្តេច ដែលជាសហគមន៍ពឹងផ្អែកលើការនេសាទជាប្រភពចំណូលសំខាន់ បញ្ហានេះបានប៉ះពាល់យ៉ាងខ្លាំងដល់ទាំងប្រាក់ចំណូល និងសន្តិសុខស្បៀង។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីស្វែងយល់បន្ថែមអំពីគម្រោងសំខាន់នេះ និងផលវិជ្ជមានដែលវាបាននាំមកសម្រាប់បរិស្ថាន និងជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់៕