នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ថ្នាក់ខេត្តរួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ចុះផ្សព្វផ្សាយចែកខិតបណ្ណព័ត៌មានគម្រោង (EMPOWER) ជូនដល់ប្រជាកសិករ ប្រមាណ៤០០នាក់ នៅឃុំចំនួន៣ ក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។
នាឱកាសនោះឯកឧត្តមបានគូសបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលដៅជួយគាំទ្រដល់គ្រួសារក្រីក្រឱ្យមានមុខរបរកសិកម្មបង្កើនប្រាក់ចំណូល និងធានាសន្តិសុខស្បៀង។
សូមជម្រាបជូនថា គម្រោង (EMPOWER)នឹងគាំទ្រឱ្យបង្កើតមុខរបរកសិកម្មណាមួយក្នុងចំណោមមុខរបរទាំង ៥(ការដាំបន្លែក្នុងផ្ទះសំណាញ់ ការបណ្ដុះផ្សិត ការចិញ្ចឹមមាន់ស្រែ ការចិញ្ចឹមចង្រិតនិងការចិញ្ចឹមឃ្មុំ)។ ការគាំទ្រនេះរួមបញ្ចូលការបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្មនិងការតភ្ជាប់ទីផ្សារជូននៅពេលប្រមូលផល តាមរយៈការចងក្រងក្រុមអ្នកទទួលផលទាំងអស់ទៅជាសហគមន៍កសិកម្មទំនើបព្រមទាំងទទួលបានការឧបត្ថម្ភសម្ភារៈផលិតកម្មកសិកម្មផងដែរ៕