នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី ចុះជួបសំណេះសំណាល និងពិភាក្សាជាមួយបងប្អូនជនភៀសសឹក ស្ថិតនៅតំបន់ជនភៀសសឹក ភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងជំនួបពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម គឹម បញ្ញា អភិបាលរងខេត្ត លោក លោកស្រី តំណាងក្រសួង-ស្ថាប័នមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងបន្តជំរុញការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនភៀសសឹក សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យលើវិស័យកសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងសន្តិសុខស្បៀងរបស់ជនភៀសសឹក។
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌគម្រោង CASDP ក្រុមការងារបានរៀបចំដំណើរការចងក្រង និងបង្កើតសហគមន៍កសិកម្មទំនើប ដោយបានចុះផ្សព្វផ្សាយ និងណែនាំអំពីទស្សនទានរបស់សហគមន៍កសិកម្មទំនើប លក្ខខណ្ឌនៃការគាំទ្រការចិញ្ចឹមមាន់ និងពិភាក្សាជាមួយតំណាងប្រជាពលរដ្ឋចំនួន១៥រូប ដើម្បីត្រៀមរៀបចំឈ្មោះសហគមន៍ បេក្ខភាពឈរឈ្មោះគណៈកម្មការ សេចក្តីព្រាងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង ព្រមទាំងចុះកំណត់ទីតាំងផ្ទះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចូលរួមក្នុងសកម្មភាពចិញ្ចឹមមាន់។
តាមរយៈការបង្កើតសហគមន៍កសិកម្មទំនើបនេះ គម្រោងនឹងផ្តល់ការគាំទ្រដល់ជនភៀសសឹក តាមរយៈជំនួយហិរញ្ញវត្ថុ ការគាំទ្រផ្នែកបច្ចេកទេស ការសម្របសម្រួលទីផ្សារ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងសមត្ថភាពគ្រប់គ្រងដល់ថ្នាក់ដឹកនាំ និងសមាជិកសហគមន៍ ដើម្បីធ្វើឱ្យតំបន់នេះមានចរន្តសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បង្កើនភាពប្រកួតប្រជែងក្នុងទីផ្សារ និងរួមចំណែកលើកស្ទួយជីវភាពរស់នៅរបស់ជនភៀសសឹកដែលកំពុងតាំងទីលំនៅបណ្តោះអាសន្ន នាពេលបច្ចុប្បន្ន៕