នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងអង្គការដៃគូ ចូលរួមកិច្ចប្រជុំដើម្បីពង្រឹងលើការគ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គនៅសាលប្រជុំរដ្ឋបាលខេត្តក្រចេះ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពនៃការគ្រប់គ្រងផ្សោត ដែលទទួលបាននាឆ្នាំកន្លងមក ពិនិត្យនិងដោះស្រាយបញ្ហានានាដែលកំពុងប្រឈមទៅនឹងការគ្រប់គ្រងសត្វផ្សោត ជំរុញការចូលរួមសហការរវាងស្ថាប័ន អង្គការពាក់ព័ន្ធ រដ្ឋបាលថ្នាក់ជាតិ ដៃគូពាក់ព័ន្ធលើកិច្ចការពារផ្សោតប្រកបដោយប្រសិទ្ធភាព ពង្រឹងសកម្មភាពរបស់ក្រុមឆ្មាំទន្លេការពារសត្វផ្សោតទន្លេមេគង្គ និងជំរុញការចូលរួមពីអាជ្ញាធរមូលដ្ឋានលើការគ្រប់គ្រងឧបករណ៍នេសាទក្នុងតំបន់ផ្សោត។
សមាសភាពចូលរួមនៅក្នុងកិច្ចប្រជុំនេះ រួមមាន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មន្ដ្រីជំនាញនៃរដ្ឋបាលជលផល អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរបរិស្ថាន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរទេសចរណ៍ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំទន្លេខេត្តក្រចេះ ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថ អភិបាលស្រុកពាក់ព័ន្ធ ព្រមទាំងអភិបាលខេត្តស្ទឹងត្រែង អភិបាលនៃគណៈអភិបាលស្រុកសៀមបូក ប្រធានមន្ទីរ នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំទន្លេខេត្តស្ទឹងត្រែង រួមទាំងតំណាងមកពីអង្គការ WWF៕