នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់ ក្នុងនោះស្ត្រីចំនួន៨១នាក់ និងទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា។
ការអនុវត្តធ្វើតេស្តរហ័សនេះ ធ្វើឡើងតាមបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀនប្រចាំក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើតេស្តនេះ គឺដើម្បីធានាភាពស្អាតស្អំ និងក្រើនរំលឹកមន្រ្តីរាជការទាំងអស់ជាប់ជាប្រចាំអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។
សូមគូសបញ្ជាក់ថា ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញអនុវត្តការធ្វើតេស្តរហ័សរកសារធាតុញៀនជាបន្តបន្ទាប់ដូចភ្លៀងរលឹម ដើម្បីធានាថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្ងាយពីគ្រឿងញៀន ស្របតាមអភិក្រម "សម្អាតចក ចេញពីផ្ទៃបឹង" និង "រក្សាផ្ទៃបឹងឱ្យថ្លាជាប់ជាប្រចាំ" ដើម្បីចូលរួមកសាងសង្គមកម្ពុជាគ្មានគ្រឿងញៀន៕