នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា។ កិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានជលផល ដែលជាសមាជិកនៃក្រុមការងារបច្ចេកទេស។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានគូសបញ្ជាក់អំពីតួនាទី និងភារកិច្ចរបស់ក្រុមការងារបច្ចេកទេសដែលជាសេនាធិការ ឱ្យគណៈកម្មការចំពោះកិច្ចសម្រាប់ទ្រទ្រង់វារីវប្បកម្មកម្ពុជា ដែលមានភារកិច្ចចម្បងក្នុងការវិភាគ តាមដាន វាយតម្លៃតម្រូវការ និងការផ្គត់ផ្គង់ រៀបចំផែនការផលិតកម្ម និងផែនការអាជីវកម្ម នៃផលវារីវប្បកម្មសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ ក្នុងការទ្រទ្រង់វារីវប្បកម្មកម្ពុជាឱ្យមានកំណើនប្រកបដោយចីរភាព។
ក្នុងកិច្ចប្រជុំនេះ ក្រុមការងារបច្ចេកទេសបានធ្វើសេចក្តីរាយការណ៍ និងបទបង្ហាញអំពីវឌ្ឍនភាពនៃវារីវប្បកម្មកម្ពុជា លទ្ធផលនៃការវិភាគតម្រូវការ និងការផ្តត់ផ្គងត្រីសាច់ កូនត្រីពូជ និងស្ថានភាពនៃការនាំចេញ នាំចូលផលវារីវប្បកម្ម និងបានពិភាក្សាអំពីផែនការសកម្មភាពការងារបន្ទាប់។
ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស ដែលបានអនុវត្តភារកិច្ចដោយស្មារតីទទួលខុសត្រូវ និងសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍សំខាន់ៗ ដល់ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំរបាយការណ៍ ស្តីពីស្ថានភាពនៃការផ្គត់ផ្គង និងតម្រូវការនៃផលវារីវប្បកម្ម បញ្ហាប្រឈមនៃផលិតកម្ម និងទីផ្សារផលវារីវប្បកម្ម ដើម្បីដាក់ជូនគណៈកម្មការប្រជុំពិនិត្យ ពិភាក្សា និងជួយរកដំណោះស្រាយ៕