នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុងឱកាសមហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសបើកកម្មវិធី ឯកឧត្តម ហាស់ សារ៉េត បានគូសបញ្ជាក់ថា កម្មវិធីជុំវិញទន្លេមេគង្គ ដែលរៀបចំនេះ បានដំណើរការអស់រយៈពេល១៥ឆ្នាំមកហើយ គឺជាចលនាអប់រំដ៏សំខាន់មួយក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់ ធនធានជលផល និងបរិស្ថានដល់យុវជន សាធារណជន តាមរយៈការបង្ហាញភាពយន្តឯកសារ ការតាំងពិព័រណ៍រូបថត និងការចែករំលែករឿងរ៉ាវពិតពីជីវិតនៅតាមដងទន្លេ។ កម្មវិធីនេះក៏បានជួយលើកកម្ពស់ ការយល់ដឹងអំពីតម្លៃនៃជីវចម្រុះ ដោយផ្តោតជាពិសេសពីសារៈសំខាន់ប្រព័ន្ធទន្លេមេគង្គ និងឆ្នេរសមុទ្រ ធនធានជលផល ត្រីមេពូជ និងប្រភេទធនធានជលផលកម្រ ដែលជាមោទនភាពរបស់កម្ពុជា។
ទន្ទឹមនឹងនោះ តាមរយៈវេទិកាដ៏សំខាន់នេះ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន សូមចូលរួម ស្រឡាញ់និងឱ្យតម្លៃ ការពារធនធានធម្មជាតិរបស់យើង កុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ កុំបំពុលទឹក និងកុំបង្ហូរឬទម្លាក់កាកសំណល់ទៅចូលក្នុងទន្លេ និង ចូលរួមផ្សព្វផ្សាយព័ត៌មាន និងកសាងការយល់ដឹងដល់គ្រួសារ មិត្តភក្តិ និងសហគមន៍ជុំវិញខ្លួន។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ប្រសិនបើយើងទាំងអស់គ្នារួមស្មារតី និងសកម្មភាពយើងនឹងអាចរក្សាទុកនូវសម្បត្តិធម្មជាតិដ៏មានតម្លៃនេះ សម្រាប់កូនចៅជំនាន់ក្រោយ។
សូមជម្រាបថា កម្មវិធីនេះ គឺជាផ្នែកមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលមានខ្សែភាពយន្តចំនួន១៥០រឿងនឹងមានចាក់បញ្ចាំងចូលទស្សនាដោយសេរី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅរោងភាពយន្តជាច្រើននៅរាជធានីភ្នំពេញ និងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កម្មវិធីសហការរៀបចំដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលថតភាពយន្តនៅកម្ពុជា និងមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ដឹកនាំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តាមរយៈនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌៕