នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ ឯកឧត្តម ខួយ ឈិន សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម លោក លោកស្រីតំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីកសិកម្មឃុំ។
នាឱកាសនោះ ឯកឧត្តម ឃុន សាវឿន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយ ស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានលទ្ធផលល្អប្រសើរតាមការរំពឹងទុក។ បន្ថែមពីនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាពនានាជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកជួយគាំទ្រក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលកន្លងមក ។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ និងជំរុញឱ្យមន្ទីរបន្តផ្តល់ការគាំទ្របច្ចេកទេសកសិកម្ម ដែលធន់នឹងការបម្រែបម្រួលអាកាសធាតុ សម្របសម្រួលទីផ្សារផលិតផលកសិកម្ម និងដោះស្រាយបញ្ហា ឬសំណូមពរនានាពាក់ព័ន្ធការងារកសិកម្ម ជូនដល់ប្រជាកសិករ ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ព្រមទាំងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែង ជំរុញវិស័យកសិកម្មឱ្យកាន់តែរីកចម្រើន ដោយអនុវត្តសកម្មភាពអាទិភាពនានា ដែលបានកំណត់ទុកឱ្យបានជោគជ័យ តាមទិសដៅការងារដែលបានដាក់ចេញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍កសិកម្ម៕