នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ និងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី ដែលអភិវឌ្ឍន៍ដោយក្រុមអ្នកបច្ចេកទេសរបស់អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ក្រោមការដឹកនាំដោយលោក នៅ ថុង នៅចម្ការបង្ហាញរបស់កសិករ ស្ថិតនៅភូមិជីរោក្រោម១ ឃុំជីរោ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងដំណើរនេះក្រុមការងារ បានចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ពិនិត្យការសម្តែងកម្មនៃប្រភេទពូជពោតអ៊ីប៊្រីដថ្មីទាំងពីរ ដើម្បីវាយតម្លៃបញ្ចេញឱ្យប្រើប្រាស់ជាផ្លូវការ។
ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ក្រសួងកសិកម្ម បានត្រៀមបញ្ចេញពូជពោតអ៊ីប្រ៊ីដ BH-3577 និង BH-4187 ឱ្យប្រើប្រាស់នាពេលដ៏ខ្លីខាងមុខ វាគឺជាចម្លើយដ៏សមស្របបំផុត ព្រោះពូជទាំងនេះត្រូវបានសម្រិតសម្រាំង ឡើងដើម្បីធន់នឹងការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការប្រើប្រាស់ធាតុចូលដើម្បីជួយសម្រាលបន្ទុក និងបង្កើនប្រាក់ចំណូលជូនបងប្អូនកសិករក្នុងស្ថានភាពដ៏លំបាក។ ឆ្លងកាត់ការបង្កាត់ និងបន្សុទ្ធយ៉ាងហ្មត់ចត់ អស់រយៈពេល ៦ឆ្នាំ គឺក្រុមការងារជំនាញបានចម្រាញ់យក គ្រាប់ពូជល្អបំផុត ចំនួន ២ប្រភេទនេះ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា "ខ្មែរអាចធ្វើបាន" និងមានសមត្ថភាពម្ចាស់ការលើផលិតកម្មគ្រាប់ពូជដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងលើការនាំចូល។
ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្តេជ្ញាបន្តជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីធានាថា កសិករគ្រប់រូបនឹងមានជីវភាពកាន់តែប្រសើរ និងអាចឈរជើងបានយ៉ាងរឹងមាំក្នុងគ្រប់កាលៈទេសៈនៃវិបត្តិសកល៕