នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី “Reducing Post-Harvest Losses” នៅទីក្រុង Istanbul សាធារណរដ្ឋតួគីយ៉េ។
ថ្លែងទៅកាន់អង្គវេទិកាខាងលើ ដែលមានការចូលរួមពីប្រទេសចំនួន ៣៣ ប្រទេស និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិនានា ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសរំលេចពីសារៈសំខាន់នៃវេទិកា “ការកាត់បន្ថយការបាត់បង់ស្បៀងក្រោយការប្រមូលផល៖ ទស្សនវិស័យយុទ្ធសាស្ត្រសម្រាប់ការបង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀង” និងបានលើកពីទស្សនទាននៃវិធានការសកល ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបាត់បង់និងការខ្ជះខ្ជាយស្បៀង ស្របពេលដែលប្រជាជននៅលើពិភពលោករាប់រយលាននាក់ក្នុងពេលបច្ចុប្បន្ន បាននិងកំពុងជួបប្រឈមនឹងភាពអត់ឃ្លាន និងកង្វះខាតអាហារូបត្ថម្ភ។
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានចែករំលែកពីវិធានការរបស់កម្ពុជា ដើម្បីចូលរួមជាមួយវិធានការសកល ក្នុងការទប់ស្កាត់ និងកាត់បន្ថយការខាតបង់ក្រោយការប្រមូលផល ដោយអនុវត្តជំហាន និងសកម្មភាពសំខាន់ៗ ដូចជា៖ (១) ដាក់បញ្ចូលវិធានការកាត់បន្ថយការបាត់បង់ និងកាកសំណល់ស្បៀងទៅក្នុងក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ដូចជានៅក្នុងផែនទីបង្ហាញផ្លូវកម្ពុជាសម្រាប់ប្រព័ន្ធស្បៀងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រកសិកម្មឆ្នាំ ២០២៤-២០២៨ និងយុទ្ធសាស្ត្រជាតិសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ ២០២៤-២០២៨ (២) គាំទ្រដល់ការពង្រឹងសមត្ថភាពតាមរយៈ ការអភិវឌ្ឍបច្ចេកវិទ្យា នវានុវត្តន៍ និងសេវាកម្ម និងការលើកកម្ពស់ការវិនិយោគរបស់វិស័យឯកជនក្នុងផលិតកម្មស្បៀង ការកែច្នៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ស្បៀងអាហារ ទាក់ទងនឹងការកាត់បន្ថយការបាត់បង់ និងការខ្ជះខ្ជាយស្បៀងអាហារ និងទី (៣) លើកកម្ពស់ និងបង្កើនការយល់ដឹងអំពីការអនុវត្តល្អនៃការកាត់បន្ថយការបាត់បង់ស្បៀង ដល់តួអង្គពាក់ព័ន្ធក្នុងផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ស្បៀង។
ជាទីបញ្ចប់ ដោយគូសបញ្ជាក់ថា "ការអនុវត្តវិធានការកាត់បន្ថយការបាត់បង់ និងការខ្ជះខ្ជាយស្បៀងលែងជាជម្រើសទៀតហើយ តែគឺជាការចាំបាច់" ឯកឧត្តមអនុរដ្ឋលេខាធិការបានបង្ហាញពីជំហរគាំទ្ររបស់កម្ពុជាក្នុងការរួមចំណែកការកាត់បន្ថយការបាត់បង់ក្រោយប្រមូលផល ៕