នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអមដំណើរដោយ ឯកឧត្តម ឡឹក សុធា អនុរដ្ឋលេខាធិការ បានដឹកនាំការប្រជុំតម្រង់ទិស និងសម្របសម្រួលកិច្ចសហការរវាង ក្រុមហ៊ុន Green Carbon, ក្រុមហ៊ុន Seed and Feed ជាមួយនិងសហគមន៍កសិករប្រើប្រាស់ទឹកកំពីងពួយ នៅខេត្តបាត់ដំបង លើការអភិវឌ្ឍ ផលិតកម្មស្រូវកាបោនទាប (Low Carbon Rice Production)។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម យ៉ង សាំង កុមារ បានណែនាំឱ្យអ្នកពាក់ព័ន្ធ ដែលធ្វើកិច្ចសហការនេះ ត្រូវឈរលើគោលការណ៍ និងគោលបំណងសំខាន់ៗរួមមាន៖ អនុវត្តកសិកម្មកាបោនទាប ដោយគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ចរបស់កសិករ សហការជំរុញផលិតកម្មស្រូវ ដែលកាត់បន្ថយហានិភ័យពីការប្រើប្រាស់ថ្នាំកសិកម្ម និងពង្រីកឱកាសទីផ្សារ និងបែងចែកចំណូលពីឥណទានកាបោន (Carbon Credit) ដើម្បីទ្រទ្រង់ការថែរក្សា និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រឱ្យមាននិរន្តរភាព៕