នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមីន ការបោសសម្អាតមីន រំដោះយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងកាកសំណល់ពីសង្រ្គាម ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ដើម្បីលុបបំបាត់ផលប៉ះពាល់គ្រោះថ្នាក់ដោយសារមីន និងការប្រែក្លាយដីគ្រោះថ្នាក់ទៅជាដីចម្ការប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាកសិករក្នុងការបង្កបង្កើនផលកសិកម្ម បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន។
ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានខិតខំជំរុញការងារនេះ ដោយប្រែក្លាយកម្ពុជាពីសង្គ្រាមមកជាប្រទេសមានសុខសន្តិភាព និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមពីដៃគូអភិវឌ្ឍន៍ ក៏ដូចជាប្រទេសមិត្តដែលបានចូលរួមគាំទ្រក្នុងការងារនេះផងដែរ។
បើតាម ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អាជ្ញាធរមីន បាននិងបន្តខិតខំប្រឹងប្រែងបោសសម្អាតមីន និងកាកសំណល់ពីសង្គ្រាម ដោយប្រកាន់ខ្ជាប់ជាប្រចាំនូវពាក្យថា «សុវត្ថិភាព» ដើម្បីប្រជាជន និងប្រជាជាតិ សំដៅចូលរួមធានាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជា បានប្តេជ្ញាចិត្តក្នុងការបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០៣០ ហើយតាមរយៈការងារនេះនឹងអនុញ្ញាតឱ្យប្រជាកសិករអាចដាំដុះបង្កបង្កើនផល ដោយមិនមានភាពភ័យខ្លាច ធានាបាននូវសុខសុវត្ថិភាព និងគាំទ្រក្នុងការប្រែក្លាយទៅជាដីកសិកម្មរហូតទៅដល់ទីផ្សារ និងមាននិរន្តរភាព។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ និងប្រទេសជាមិត្ត ដែលបានជួយគាំទ្រជាបច្ចេកទេសនិងថវិកា និងបានវាយតម្លៃខ្ពស់នូវការចុះអនុស្សរណៈនៃការយោគយល់ (MOU) នាថ្ងៃនេះ ដែលជាការអនុវត្តការងារប្រកបដោយភាពបុរេសកម្ម និងការតាំងចិត្តខ្ពស់ក្នុងការរួមគ្នាប្រែក្លាយពីភាពភ័យខ្លាចទៅជាទិន្នផលចេញពីដីស្រែចម្ការ៕