កិច្ចព្រមព្រៀងស្ដីពី «ការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ» រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្មនិងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងបើកច្រកដឹកជញ្ជូនថ្មីមួយទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយពេលវេលា និងថ្លៃដើមដឹកជញ្ជូន ព្រមទាំងពង្រីកឱកាសទីផ្សារជូនបងប្អូនប្រជាកសិករ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃវិស័យកសិកម្មកម្ពុជា។
ជាជំហានបន្ទាប់ មន្ត្រីជំនាញបច្ចេកទេសនៃក្រសួងទាំងពីរនឹងបន្តធ្វើការពិគ្រោះយោបល់ដើម្បីឈានទៅអនុវត្តកិច្ចព្រមព្រៀងនេះឱ្យបានឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។
កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងវិស័យកសិកម្មកម្ពុជានិងឡាវ ក្នុងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់។ ភាគីទាំងពីរក៏បានបង្ហាញពីឆន្ទៈក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលផ្សេងទៀត នាពេលអនាគត៕
រាជធានីភ្នំពេញ ថ្ងៃអាទិត្យ ទី២៥ ខែមករា ឆ្នាំ២០២៦