នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «ច្បាប់ស្តីពីជលផល» និងសេចក្តីជូនដំណឹងស្តីពី «រដូវបិទនេសាទ ឆ្នាំ២០២៦» រួមជាមួយឧបសម្ព័ន្ធឧបករណ៍ខ្នាតតូច ជូនដល់ប្រជានេសាទក្នុងឃុំកំពង់ឃ្លាំង និងភូមិមាត់ខ្លា ឃុំអន្លង់សំណរ ក្នុងខេត្តសៀមរាប។
កិច្ចប្រជុំមានការចូលរួមពី លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប លោក ធិន នីសុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទកំពង់ភ្លុក ដឹកនាំដោយលោក សោម សុវណ្ណ តំណាងយោធភូមិភាគទី៤ និង យោធភូមិភាគទី៥ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក ជុំ ចាន់ថេង អភិបាលរងស្រុកសូទ្រនិគម កងរាជអាវុធហត្ថស្រុក ក្រុមប្រឹក្សាឃុំកំពង់ឃ្លាំង ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក កងកម្លាំងតំបន់ប្រតិបត្តិការសឹករងខេត្ត កងពលតូចលេខ៧០ មេភូមិ សហគមន៍ ប្រជានេសាទនេសាទឃុំកំពង់ឃ្លាំង និងភូមិមាត់ខ្លា សរុបអ្នកចូលរួម២៧០នាក់ ធ្វើឡើងនៅទីធ្លាវត្តកំពង់ឃ្លាំង។
នៅចំពោះមុខអង្គពិធី ឯកឧត្តម ប៉ែន ផល្លីកា បានលើកឡើងដោយមោទនភាពថា ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះត្រីមានការកើនឡើង ដោយសារលទ្ធផលនៃការបង្រ្កាបបទល្មើសនេសាទ។ ប្រជានេសាទបានសាទរចំពោះ«ច្បាប់ស្តីពីជលផល»ថ្មី ដោយពួកគាត់ប្តេជ្ញាក្នុងការអនុវត្តច្បាប់នេះឱ្យបានទាំងអស់គ្នា។ ជាមួយគ្នានោះ ឯកឧត្តមក៏បានអំពាវឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាឱ្យបានជិតសិ្នទ្ធ លើវិធានការទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ហើយបានស្នើឱ្យប្រធានមន្ទីរកសិកម្មខេត្ត និងលោកនាយខណ្ឌ ធ្វើប៉ាណូសរសេរអំពីឧបករណ៍ទាំង៤៩ឧបករណ៍ ពន្យល់ ស្ដីពី«ការរដូវបិទ» ដោយសង្ខេបឱ្យពលរដ្ឋដឹង នូវជំពូកដែលបានចែង និងការពិន័យអន្តរការដើម្បីឱ្យមានការគោរពច្បាប់ស្តីពីជលផល៕