នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះដែរ ឯកឧត្តម គី ច័ន្ទរំដួល បានពិភាក្សាការងារជាមួយក្រុមហ៊ុន Anji County Low-Altitude Flight Service Center ក្រុមហ៊ុន Zhejiang Kehe Import & Export Co.,Ltd និងក្រុមហ៊ុន Anji White Tea Agriculture Hi-Tech Group ដែលជាក្រុមហ៊ុនចិន មានឯកទេសខាងផ្នែកបច្ចេកវិទ្យា និងផ្គត់ផ្គង់សេវាកម្មដ្រូនកសិកម្ម ដ្រូនល្បាត ផលិតផលស្លឹកតែ និងនាំចូលអង្ករ ស្វាយចន្ទី ពីកម្ពុជាមកទីផ្សារប្រទេសចិន។
ឯកឧត្តម គី ច័ន្ទរំដួល បានផ្តល់អនុសាសន៍ជូនដល់ភាគីក្រុមហ៊ុន ពិនិត្យលទ្ធភាពបង្កើនការវិនិយោគ និងពង្រីកទំហំកសិ-ពាណិជ្ជកម្មលើកសិផលសក្កានុពលកម្ពុជា មកកាន់ទីផ្សារប្រទេសចិន ដូចជា៖ អង្ករផ្ការំដួល អង្ករសែនក្រអូប ស្វាយចន្ទី ម្រេច និងកសិផលជាច្រើនមុខទៀត ព្រមទាំងជំរុញការវិនិយោគលើបច្ចេកវិទ្យាឧបករណ៍គ្រឿងយន្តកសិកម្ម ដោយរាជរដ្ឋាភិបាលកម្ពុជាបានចេញច្បាប់វិនិយោគថ្មីដែលមានការលើកទឹកចិត្តដល់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(QIP) សំដៅទទួលបានផលចំណេញសេដ្ឋកិច្ច និងបំពេញឲ្យគ្នាទៅវិញទៅមក៕