នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) ទទួលបន្ទុកស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារ ពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មានគម្រោង តាមរយៈការចែកខិតប័ណ្ណដល់ប្រជាពលរដ្ឋ នៅសាលាឃុំភ្នំក្រាំងដីមាស ឃុំពង្រ និងឃុំបន្ទាយព្រាល ដោយមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អ្នកសម្របសម្រួល ថ្នាក់ខេត្ត រួមជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់។
នាឱកាសនោះ ឯកឧត្តម បានស្នើសុំកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលស្រុក និងឃុំគោលដៅទាំងប្រាំ ឱ្យបន្តជួយជំរុញការផ្សព្វផ្សាយព័ត៌មានអំពីគម្រោង ដើម្បីធានាបានថាប្រជាពលរដ្ឋដែលមានសិទ្ធទទួលផលទាំងអស់ បានទទួលព័ត៌មានគ្រប់គ្នា និងអាចចូលរួមទទួលបានអត្ថប្រយោជន៍ពីគម្រោង ស្របតាមគោលបំណង និងគោលនយោបាយរបស់គម្រោង EMPOWER ។ បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម ឱម គឹមស៊ា និងក្រុមការងារបានបន្តចុះពិនិត្យមើលទីតាំងដីសម្រាប់ធ្វើជាដីត្រៀមបម្រុងទុក និងទីតាំងដីសហគមន៍កសិកម្មសម្រាប់ត្រៀមជាកន្លែងកណ្តាលទុកប្រមូលផ្តុំកសិផល ស្ថិតនៅឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕