នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ប្រតិភូសាកលវិទ្យាល័យ IPB University Bogor Indonesia ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងព្រៃឈើ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍នូវកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យ IPB University ក្នុងការជំរុញអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរនិស្សិត និងការពិសោធន៍ស្រាវជ្រាវក្នុងវិស័យកសិកម្ម។
តាងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋលេខាធិការ បើកចំហរស្វាគមន៍ និងគាំទ្រចំពោះកិច្ចសហប្រតិបត្តិការកសាងធនធានមនុស្ស ខណៈសាកលវិទ្យាល័យ IPB ជាសាកលវិទ្យាល័យល្បីល្បាញទាំងក្នុងតំបន់ និងសាកលលោក ព្រមទាំងមាន(MoU)និងកិច្ចសហការល្អជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មស្រាប់ ដែលអនុញ្ញាតឲ្យនិស្សិតនៃប្រទេសទាំងពីរ អាចផ្លាស់ប្តូរបទពិសោធន៍ល្អៗ សិក្សាពីវប្បធម៌ ការផ្ទេរចំណេះដឹង និងការរស់នៅទៅវិញទៅមក។
កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា ដោយភាគីទាំងពីរបង្ហាញគោលជំហរបន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំប្រសើរឡើងថែមទៀត បន្ថែមពីនេះ ប្រតិភូឥណ្ឌូនេស៊ីនឹងធ្វើទស្សនកិច្ចសិក្សា សាកលវិទ្យាល័យទាំង៣ ចំណុះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្តាសហគមន៍កសិកម្ម និងតំបន់សក្តានុពលកសិកម្មកម្ពុជា៕