នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប» នៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុបចំនួន ៨៥រូប (ស្ត្រី ៥០រូប)។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដោយផ្ទាល់ពីមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ជូនដល់សហគមន៍កសិកម្ម និងកសិករក្នុងមូលដ្ឋាន អំពីគោលការណ៍នៃសហគមន៍កសិកម្ម (ACs) និងសហគមន៍កសិកម្មទំនើប (MACs) ព្រមទាំងពង្រឹងសមត្ថភាពលើអភិបាលកិច្ច ផែនការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព សំដៅបង្កើនផលិតភាព គុណភាពឆ្លើយតបទីផ្សារ និងប្រាក់ចំណូលកសិករ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានគូសបញ្ជាក់ថា ការធ្វើកសិកម្មបច្ចុប្បន្ន ត្រូវផ្លាស់ប្តូរពីការផលិតសម្រាប់តែហូបចុក ទៅជាការផលិតសម្រាប់ទីផ្សារ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងការប្រមូលផ្តុំជាក្រុមផលិត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានណែនាំឱ្យកសិករសហការជិតស្និទ្ធជាមួយក្រុមការងារគម្រោង ក្នុងការអនុវត្តកម្មវិធី CERC ក្រោមគម្រោង CaWSIP ដោយធានាការជ្រើសរើសអ្នកទទួលផលប្រកបដោយតម្លាភាព និងចំគោលដៅពិតប្រាកដ៕