នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១១ នៅទីស្ដីការក្រសួងកសិកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអនុប្រធានអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី។
កិច្ចប្រជុំនេះ បានពិនិត្យវឌ្ឍនភាពការងារត្រី-វិស័យសម្រាប់ ខែសីហា ឆ្នាំ២០២៥ និងផែនការសកម្មភាព ខែកញ្ញា ឆ្នាំ២០២៥ របស់ក្រុមការងារតាមក្រសួងនីមួយៗ ពិភាក្សា និងឯកភាពគ្នាលើសកម្មភាពត្រូវអនុវត្តបន្តសម្រាប់បេក្ខភាពសហគមន៍ ដែលបានស្នើសម្រាប់ជាសហគមន៍គោលដៅត្រី-វិស័យឆ្នាំ២០២៦ និងការត្រៀមរៀបចំសេចក្តីព្រាងផែនការ ៣ឆ្នាំរំកិល ២០២៦-២០២៨ និងផែនការប្រចាំឆ្នាំ២០២៦។
ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារទាំង៣ក្រសួង បន្តធ្វើការរួមគ្នា តាមរយៈលេខាធិការដ្ឋាន ដោយមានរបបប្រជុំទៀងទាត់ រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការការងារបន្ត ការចុះពិនិត្យបេក្ខភាពសហគមន៍ ដែលបានស្នើសម្រាប់ជាសហគមន៍គោលដៅត្រី-វិស័យឆ្នាំ២០២៦។ បន្ថែមពីនេះ លេខាធិការដ្ឋាន ត្រូវលើកសំណើរជូនឯកឧត្ដមសហប្រធានពិនិត្យលើការកំណត់ពេល លើកសំណើសម្រាប់កិច្ចប្រជុំក្រុមការងារលើកក្រោយ និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីផងដែរ៕