ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)
ចេញផ្សាយ ០៥ កញ្ញា ២០២៤
958
នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារស្រូវ-អង្ករគឺជាការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ដែលទាមទារឲ្យមានការសហការគ្នាល្អ រួមគ្នាពិនិត្យលើបញ្ហាប្រឈមនានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ តាមរយៈការក្តោបព័ត៌មានគ្រប់ជ្រុងជ្រោយ ដើម្បីពិភាក្សារកដំណោះស្រាយមានរយៈពេលវែង ទទួលយកបានទាំងអស់គ្នា និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច ទាំងសម្រាប់វិស័យឯកជន និងសេដ្ឋកិច្ចជាតិ។
អង្គប្រជុំនេះ មានរបៀបវារៈចំនួន ៣សំខាន់ រួមមាន ផ្នែកផលិតកម្មនិងការដាំដុះ ផ្នែកផលិតកម្ម-ការកិនកែច្នៃ ផ្នែកពន្ធដារក្នុងវិស័យស្រូវអង្ករ។ សហគមន៍អ្នកផលិត តំណាងរោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញអង្ករ និងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់និងពិភាក្សាយ៉ាងលម្អិតលើរបៀបវារៈទាំង៣ និងសំណើរបស់ភាគីឯកជន មុននឹងឯកឧត្តមរដ្ឋមន្ដ្រី សហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) ផ្ដល់ជម្រើសដំណោះស្រាយចំពោះសំណើនីមួយៗ។
ចំពោះសំណើមួយចំនួនដែលស្ថិតនៅក្រៅដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់អនុសាសន៍ដល់ភាគីឯកជន លើកយកទៅប្រជុំពិភាក្សាជាមួយក្រុមការងារទទួលបន្ទុក ដើម្បីទទួលបានដំណោះស្រាយដែលមានលក្ខណៈប្រាកដនិយម អាចអនុវត្តបាន និងទទួលបានផលចំណេញទាំងអស់គ្នា៕