នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ។
កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពីលោក នៃ គង់ អភិបាលរងខេត្តព្រះសីហនុ លោក ង៉ាន ណានី អគ្គលេខាធិការរង លោក អ៊ឹង កែវរតនៈ ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ ព្រមទាំងតំណាងអង្គភាពជំនាញក្រោមឱវាទក្រសួង មន្ត្រីមន្ទីរកសិកម្ម ខេត្តព្រះសីហនុ និង មន្ត្រីផ្នែកជួរក្រោយទទួលបន្ទុកវិស័យកសិកម្មផងដែរ។
កិច្ចប្រជុំនេះផ្តោតសំខាន់លើការពិនិត្យវឌ្ឍនភាពការងារ ការដោះស្រាយបញ្ហាប្រឈម និងការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាលវិស័យកសិកម្ម តាមយន្តការច្រកចេញចូលតែមួយ។ ក្រុមការងារបានពិនិត្យការងារពាក់ព័ន្ធនឹងវិស័យកសិកម្ម នៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត ជាពិសេសសេវាជលផល សេវាសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងសេវាជី និងថ្នាំកសិកម្ម។ បន្ថែមពីនេះ ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តមុខងារក្នុងវិស័យកសិកម្ម ដែលបានផ្ទេរទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម ស្រី វុឌ្ឍី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ រវាងអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ខេត្តព្រះសីហនុ ដែលបានសហការអនុវត្តការងារប្រកបដោយភាពសកម្ម និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីពេញចិត្ត។ លទ្ធផលនេះបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធ ក្នុងការធានាឱ្យដំណើរការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋមានភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាព។
ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមការងារ និងមន្ត្រីពាក់ព័ន្ធ បន្តពិនិត្យ និងអនុវត្តឱ្យបានពេញលេញនូវមុខងារដែលបានផ្ទេរឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម ព្រមទាំងបន្តតាមដាន និងវាយតម្លៃការផ្តល់សេវារដ្ឋបាលជាប្រចាំ ដោយយកចិត្តទុកដាក់លើគុណភាព ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕